បទយកការណ៍៖ ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹង ពីរបបអាហារមានសុខភាព និងការកាត់បន្ថយជាតិអំបិល
ចេញផ្សាយ ថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣
ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣–
បច្ចុប្បន្នជំងឺមិនឆ្លង ជាបញ្ហាដែលគួរឱ្យព្រួយបារម្ភសម្រាប់កម្ពុជា។ ទាំងនេះអាស្រ័យដោយអង្គការសុខភាពពិភពលោក បានរកឃើញថា ជំងឺមិនឆ្លងជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាពនៅកម្ពុជា។ កត្តាហានិភ័យ នាំឱ្យកើតជំងឺមិនឆ្លងនេះ គឺបណ្តាលមកពី ការទទួលទានអាហារមិនល្អសម្រាប់ សុខភាព ការពិសាបារី ការផឹកស្រាហួសកម្រិត ការលើសទម្ងន់ ជាពិសេសមានជាតិស្ករនៅក្នុងឈាមខ្ពស់ និងសម្ពាធឈាមឡើងខ្ពស់ជាដើម។ អត្រានៃជំងឺមិនឆ្លងមានការកើនឡើង ដោយហេតុថាប្រជាពលរដ្ឋមិនសូវយកចិត្តទុកដាក់ថែទាំសុខភាពការពារនិងទប់ទល់ពីជំងឺនេះ ដូច្នេះប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងពីរបបអាហារប្រកបដោយសុខភាព និងការកាត់បន្ថយជាតិអំបិលក្នុងម្ហូបអាហារ ដល់ប្រជាពលរដ្ឋ។
ជំងឺមិនឆ្លង បានសម្លាប់ជីវិតពលរដ្ឋរហូតដល់៦៤ភាគរយ នៃមូលហេតុការស្លាប់ផ្សេងៗទៀត។ ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណភាពខ្ពស់ជាងគេគឺ ជំងឺសរសៃឈាមបេះដូង ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មហារីក និងជំងឺទឹកនោមផ្អែម។ការកើនឡើងនៃអ្នកស្លាប់ដោយសារជំងឺមិនឆ្លង ជាបញ្ហាដ៏ធំមួយ ដែលត្រូវទាមទារឱ្យមានការចូលរួម និងយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ។ នាសិក្ខាសាលាស្ដីពីការលើកកម្ពស់របបអាហារមានសុខភាពល្អ និងការកាត់បន្ថយជាតិអំបិលតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយ នៅសណ្ឋាគារឆ្នេរថ្មី ក្រុងព្រះសីហនុ កាលថ្ងៃទី១៧ខែវិច្ឆិកា លោកស្រីវេជ្ជបណ្ឌិត Nargiza khodjaeva ប្រធានក្រុមផ្នែកជំងឺមិនឆ្លងនិងសុខភាព នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖ប្រទេសនីមួយៗមានភាពឆ្ងាញ់នៃរបបអាហារ ខុសៗពីគ្នា ក្នុងការចម្អិនទទួលទាន សម្រាប់ទ្រទ្រង់រាងកាយប្រកបដោយសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង។
លោកស្រី វេជ្ជបណ្ឌិតលើកឡើងទៀតថា៖ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន និង អង្គការសុខភាពពិភពលោក បានខិតខំរួមគ្នាក្នុងការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អ ដល់ប្រជាពលរដ្ឋ។
សំឡេងទី១«ការអនុវត្តនេះមិនអាចធ្វើទៅបានទេ បើនរណាម្នាក់មិនចូលរួមនោះ ដូច្នេះហើយក្រសួងសុខាភិបាលមានការតាំងចិត្តដើម្បីធ្វើការងារនេះ។យើងចង់ឱ្យក្រសួងដទៃទៀតធ្វើការជាមួយគ្នា ធ្វើការតាំងចិត្តលះបង់ជាមួយគ្នា ដោយមានការគាំទ្រជាមួយក្រសួងព័ត៌មាន ព្រោះក្រសួងព័ត៌មានៗសមត្ថភាព និងមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយទៅដល់សាធារណៈជនទូទៅតាមរយៈវិទ្យុ ទូរទស្សន៍ និងព័ត៌មាន របស់ខ្លួន។ ដូច្នេះប្រជាជនទូទៅលោកស្ដាប់នូវព័ត៌មានទាំងអស់នោះដែលបានចេញផ្សាយទាំងអស់នេះដែលយើងគិតថា មានលទ្ធភាពច្រើនជាងគេ ដែលអាស្រ័យទៅលើអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយអំពីបញ្ហាសុខភាពរបស់ប្រជាជនទូទៅ»។
ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីរបបអាហារដែលមានសុខភាពល្អនិងការកាត់បន្ថយជាតិអំបិល តាមរយៈជួយអប់រំតាមប្រព័ន្ធផ្សព្វផ្សាយ។ ឯកឧត្តមបានបន្ថែមថា៖ ទាំងពិធីករ ពិធីការិនី អ្នកយកព័ត៌មាន អ្នកផលិតកម្មវិធីវិទ្យុ និងទូរទស្សន៍របស់ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីសំខាន់ក្នុងការចូលរួមជាមួយមន្ត្រីជំនាញ ដើម្បីបញ្ជ្រាបការយល់ដឹងនូវរបបអាហារមានសុខភាព និងការកាត់បន្ថយជាតិអំបិលដល់ប្រជាពលរដ្ឋ ឱ្យបានកាន់តែយល់ច្បាស់ ថាកម្រិតជាតិប្រៃ ផ្អែម ប៉ុន្មាន ដែលសារពាង្គកាយ ត្រូវការសម្រាប់សុខភាព និងផលវិបាកនៃការទទួលទានលើសកម្រិត។
សំឡេងទី២«សិក្ខាសាលានេះមានគោលបំណង លើកកម្ពស់ការយល់ដឹងដល់ភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ រួមទាំងពិធីករពិធីការិនី វិទ្យុទូរទស្សន៍ អ្នកផលិតកម្មវិធី អ្នកសារព័ត៌មាន ពីរបបអាហារ ដែលទាក់ទងទៅនឹងជំងឺមិនឆ្លង ។ទី២ ដើម្បីមានផែនការប្រតិបត្តិការប្រចាំឆ្នាំ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ការលើកកម្ពស់របបអាហារ ដែលមានសុខភាពល្អនិងការកាត់បន្ថយជាតិអំបិលនៅក្នុងអាហារ»។
លោកវេជ្ជបណ្ឌិត សេង រតនា អនុប្រធានការិយាល័យជំងឺមិនឆ្លងនៃនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖ ការបញ្ជ្រាបចំណេះដឹងទាក់ទងទៅនឹងសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាលមិនអាចធ្វើបានដោយគ្មានការចូលរួមពីគ្រប់ភាគីនោះទេ ជាពិសេសនោះ ប្រព័ន្ធផ្សព្វផ្សាយ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំសារពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ ។
សំឡេងទី៣«យើងធ្វើការពង្រីកសារអប់រំទៅដល់ក្រុមគាំទ្រសុខភាពភូមិ តាមសហគមន៍ គឺឱ្យក្រុម របស់ពួកគាត់ជួយចូលរួម ដើម្បីផ្សព្វផ្សាយទៅដល់អ្នកភូមិរបស់គាត់ ។ដូច្នេះយើងត្រូវការកម្លាំងច្រើនណាស់ ដើម្បីជួយបញ្ជ្រាបសារអប់រំ ឱ្យពួកគាត់បានយល់ដឹង ។អ៊ីចឹងយើងមិនអាចទាមទារ ឬត្រូវការពេលវេលាខ្លីអាចធ្វើបាននោះទេ។ យើងត្រូវការពេលវេលាយូរអង្វែងណាស់ ហើយមានការចូលរួមច្រើន ពីគ្រប់ភាគីពាក់ព័ន្ធ មិនមែនតែក្រសួងសុខាភិបាលអាចធ្វើការងារនេះតែម្នាក់ឯងនោះទេ »។
