
ទន្ទឹមនេះ ក្រសួងព័ត៌មានកាលពីថ្ងៃទី៦សីហាឆ្នាំ២០២៤ បានប្រកាសដាក់អោយប្រើប្រាស់ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីមានភាពចាស់ទុំ និងមានគុណភាពដែលអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកបាន។ពោលគឺនៅពេលដែលកម្ពុជាធានាបានសន្តិសុខព័ត៌មាន ដែលទី១ គឺ ប្រជាពលរដ្ឋទទួលបានសិទ្ធិទទួលបានព័ត៌មាន ។
ទី២៖ ព័ត៌មានរបស់កម្ពុជាមានគុណភាពដែលផ្តល់នូវ ចំណេះដឹង មានខ្លឹមសារ ជូនប្រជាពលរដ្ឋ និងទី៣ គឺ ព័ត៌មានរបស់កម្ពុជាមានសុវត្ថិភាពដែលជាព័ត៌មានត្រឹមត្រូវ ជឿជាក់ និងទុកចិត្តបាន។ ធ្វើដូចនេះបាន នោះវិស័យសារព័ត៌មាននៅកម្ពុជា ពោរពេញទៅដោយប្រសិទ្ធភាព និងគុណភាព ដែលផ្តល់លទ្ធភាពអោយវិស័យសារព័ត៌មាននៅកម្ពុជា ស្មើមុខ ស្មើមាត់ ស្មើសិទ្ធិជាមួយបណ្តាប្រទេសនៅក្នុងតំបន់និងពិភពលោក។ គឺនៅពេលនោះ ឋានៈរបស់កម្ពុជា អាចធ្វើអោយកម្ពុជាធ្វើការទូតព័ត៌មានជាមួយបណ្តាប្រទេសនៅសកលលោកដែលទំនាក់ទំនងផ្លូវការនេះអាចបង្រ្កាបប្រភពព័ត៌មានក្លែងក្លាយយ៉ាងមានប្រសិទ្ធភាព ពីព្រោះថា ព័ត៌មានក្លែងក្លាយបានប្រតិដ្ឋឡើងដោយបញ្ញាសិប្បនិមិត្ម ក្នុងចេតនាបំពុលសង្គម ធ្វើអោយប្រទេសមួយវឹកវរ ចលាចល រុញប្រទេសមួយអោយស្អប់ខ្ពើមប្រទេសមួយ កើតអសន្តិសុខ កើតអំពើហិង្សា ដែលនេះទាមទារអោយបេសកកម្មប្រឆាំងព័ត៌មានក្លែងក្លាយត្រូវការកិច្ចសហការកម្លាំងបង្រ្កាបជាសកលមិនអាចខ្វះបាន៕
