
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋដែលមានដីទំនេរ នាំគ្នាដាំដំណាំដើម្បីបង្កើនជីវភាព ជាពិសេសដាំពោត ដែលមានតម្រូវការខ្ពស់
ចេញផ្សាយ ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៣
AKP កំពង់ស្ពឺ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២0២៣–អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានប្រាប់ពលរដ្ឋឱ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី (CPF) ប្រមូលទិញប្រមាណ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ខណៈដែលឯកឧត្តម ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកចុះពិនិត្យ ការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុន យេឡូហ្វៀល ស្ថិតក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ។
ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឱ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ ។ មួយវិញទៀតដំណាំពោតក្រហម កំពុងមានទីផ្សារល្អ គឺក្នុងមួយតោន អាចលក់បានតម្លៃជាមធ្យម ៨០ម៉ឺនរៀល ឬអាចលើសពីនេះ។ អ្វីដែលធ្វើឱ្យកសិករ អ្នកផលិតកាន់តែមានទំនុកចិត្តនោះ គឺមានក្រុមហ៊ុននៅចាំទទួលទិញ ដោយមិនឱ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ ។
ជាមួយនោះដែរ អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ក្រុមហ៊ុនស៊ីភី ដែលទទួលទិញកសិផលពីកសិករ សូមរក្សាតម្លៃ កុំទម្លាក់ថ្លៃ នៅពេលពួកគាត់ធ្វើបាន។ ប្រការនេះគឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឱ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន ។ ក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ដ្រូនកសិកម្មវិញ ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ជំនួសការប្រើមនុស្សដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
លោក កៅ តុលា ប្រធានបច្ចេកទេសដាំរបស់ក្រុមហ៊ុនស៊ីភី (CPF) បានឱ្យដឹងថា ក្រុមហ៊ុនបានធ្វើការដាំសាកល្បងលើផ្ទៃដី៣០០ហិកតា លើការគ្រោងទុក៣ ០០០ហិកតា ដោយដាំពោតក្រហមប្រភេទ៥០១ ។ នៅក្នុងគម្រោងសាកល្បងនេះ ក្នុងមួយហិកតាទទួលផលបានពី ៨តោន ទៅជិត ១០តោន គិតជាប្រាក់បានប្រមាណជិត ៧លានរៀល៕
ដោយគេហទំព័រ សន រ៉ុន BHG TV News
