
ឯកឧត្តម កែវ រតនៈ ជម្រុញឲ្យកងកម្លាំងទាំងបី រក្សា និងការពារសុខសន្តិភាព និងកសាងអង្គភាពឲ្យបានល្អ
ពោធិ៍សាត់ៈ នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅសាខាកាកបាទក្រហមខេត្ត បានប្រារព្ធធ្វើពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការចូល ពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់ទាំងបី លោកប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ និងបងប្អូនកងកម្លាំងចូលរួមប្រមាណ៩០០នាក់ ។
លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ តំណាងអង្គភាពប្រដាប់អាវុធទាំងបីបានឡើងអានរបាយការណ៍ស្វាគមន៍និងបានសម្តែងនូវការគោរពនិងថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ ឯកឧត្តម កែវ រតនៈ និងក្រុមការងារនៃក្រសួងរ៉ែ និងថាមពល ដែលតែងតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខបងប្អូនកងកម្លាំង និងលើកទឹកចិត្ត ជម្រុញអោយពួកគាត់ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចឲ្យបានកាន់តែល្អប្រសើរ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម កែវ រតនៈ បានថ្លែងអំណរគុណ ចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានខិតខំពុះពារ កសាងបាន និងបន្តរក្សាការពារ សុខ សន្តិភាព ជូនប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តការអភិវឌ្ឍន៍ប្រទេស មានការរីកចម្រើនលើគ្រប់វិស័យ ។

ឯកឧត្តម បានជម្រុញស្មារតីដល់កងកម្លាំងត្រូវពង្រឹងឆន្ទៈ យកចិត្តទុកដាក់ អនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ បន្តសហការក្នុងបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសនៅក្នុងមូលដ្ឋាន ធានាបាន សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គម ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងល្អប្រសើរ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿទុកចិត្តមកលើសមត្ថកិច្ច ទន្ទឹមនឹងនេះគ្រប់អង្គភាព ត្រូវកសាងធនធានមនុស្សល្អៗ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសប្រកបគុណភាព នឹងត្រូវខិតខំកែលម្អអង្គភាពរបស់ខ្លួនឲ្យមានការរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានប្រគល់ថវិកាឧបត្ថម្ភអង្គភាពទាំងបីដោយក្នុងមួយអង្គភាពទទួលបានថវិកា ចំនួន៤លានរៀល និងជូនដល់កងកម្លាំងប្រមាណ៩០០នាក់ មានអង្ករចំនួន២០គីឡូក្រាម ភេសជ្ជៈចំនួន២កេស មីមួយកេស ទឹកស៊ីអ៉ីវមួយយួរ ទឹកត្រីមួយយួរ និងថវិកាក្នុងម្នាក់ចំនួន១០ម៉ឺនរៀល ៕

