ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍ ៣ជាសំខាន់ គោរពក្រមសីលធម៌ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង

ចេញផ្សាយ ថ្ងៃទី 22 ខែ តុលា ឆ្នាំ 2023  សារព័ត៌មាន សនរ៉ុន HBG TV News 

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់អ្នកសារព័ត៌មានចំនួនជាង ១០០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នាអគារសេរីភាព ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍​នូវគោលការណ៍ ៣ ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង ។ សារព័ត៌មានដើរតូនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតូនាទីសំខាន់ក្នុងកិច្ចការងារនេះ។

ឯកឧត្តម បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើអោយវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតូនាទីសំខាន់ ជាសំលេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក ។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួមក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់អោយដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។

កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកពីកិច្ចការងារគាំពារមន្រ្តី និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មានព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន ។

បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីរនៅក្រសួងព័ត៌មាន មានចំនួនប្រមាណ ៥០០ អាជ្ញាបណ្ណ, វិទ្យុFM មានជាង២២១ ស្ថានីយ៍ នៅទូទាំងប្រទេស , ស្ថានីយ៍ទូរទស្សន៍ មាន ២១ ប៉ុស្ត៍ ទូរទស្សន៍ខ្សែកាបមានជាង ៩០ ប៉ុស្ត៍, សារព័ត៌មានអនឡានមានចំនួន ជាង ៩០០ អាជ្ញាបណ្ណ តែមានបងប្អូនមួយចំនួនទៀតបានប្រតិបត្តិការ ការងារសារព័ត៌មាន ដោយមិនចុះបញ្ជីត្រឹមត្រូវ ។ ដូច្នេះសូមមកចុះបញ្ជីអោយបានត្រឹមត្រូវដើម្បីប្រតិបត្តិការ ការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន ។

លោក ហ៊ុន មករា ប្រធានសមាគមសម្ពន្ធ័អ្នកសារសកលសន្តិភាព បានជម្រាបជូនថា ការរៀបចំកម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព វិជ្ជាជីវៈអ្នកសារព័ត៌មាន នេះត្រូវបានធ្វើឡើងជាលើកទី៤ សម្រាប់រយៈពេល១ថ្ងៃ ដល់បងប្អូនអ្នក សារព័ត៌មាន ជាច្រើនអង្គភាព មកពីតាមបណ្តារាជធានីខេត្ត ក្រុងដែលមានសិក្ខាកាមចូលរួមសរុបប្រមាណជាង១០០ នាក់ ។

នៅក្នុងនៃវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកភារកិច្ចដឹកនាំសម្របសម្រួលការងាររវាងក្រសួងព័ត៌មាន និងសមាគមសារព័ត៌មាននៅកម្ពុជា បានគួសបញ្ជាក់ពីកិច្ចការងារដើម្បី ពង្រឹង វិជ្ជាជីវៈនិងក្រមសីលធម៌របស់អ្នកសារព័ត៌មាន-ធ្វើឱ្យអ្នកសារព័ត៌មានយល់ដឹងពីតម្លៃនៃការចូលរួមដល់សង្គម និងខ្លួនឯងផ្ទាល់ ព្រោះសារព័ត៌មានជាអាវុធមុខពីរ។ ជាមួយនេះគឺចូលរួមសុខទុក្ខជាមួយបងប្អូនអ្នកសារព័ត៌មាន ដោយបានបង្កើតក្រុមមេធាវីការពារអ្នកសារព័ត៌មាន និងថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៍បានគិតគូរយកចិត្តទុកដាលើសុខមាលភាពដល់មន្រ្តីមន្ត្រីក្រសួង និងអ្នកសារព័ត៌មាន។

ពង្រឹងការងារចុះបញ្ជីសមាគមអ្នកសារព័ត៌មាន និងបណ្តាញព័ត៌មានផ្សព្វផ្សាយផ្សេងៗ អោយឋិតក្រោមច្បាប់ ស្របតាមបទដ្ឋានគតិយុទ្ធរបស់ក្រសួង ៕

Leave a Reply

Your email address will not be published. Required fields are marked *